រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស្វាយ សំអាង អភិបាលខេត្តមណ្ឌលគិរី រួមនឹងមន្ត្រីជំនាញ ដោយមានការចូលរួមពីអង្គការដៃគូ ផងនោះ បានចុះពិនិត្យលើការងារការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះដែនជម្រកសត្វព្រៃកែវសីម៉ា ដែលមានប្រព័ន្ធអេកូឡូស៊ីសម្បូរបែបដោយក្នុងនោះប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជនៅលើពិភពលោកចំនួន ៦០ ប្រភេទ ដូចជា ៖ សត្វស្វាព្រាម ជាដើម និងមានប្រភេទសត្វ ២៥ ប្រភេទដែលស៊ីសាច់ជាអាហាររួមមាន ៖ សត្វខ្លា ជាដើម ។ ដែនជម្រកសត្វព្រៃកែវសីម៉ា ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលមានឆ្មាចំនួន ៧ ប្រភេទ ហើយក៏ជាទីកន្លែងសម្រាប់ការងារអភិរក្សអន្តរជាតិលើប្រភេទសត្វដំរីអាស៊ី ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃ WCS ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែងចុះល្បាតការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុស្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស ដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូន ត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ច សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
បើតាមលោក សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។
សូមជម្រាបជូនថា ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ដោយក្នុងនោះ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!