ក្រសួងការងារ ណែនាំអោយពលករ ដែលមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលការរាតត្បាតនៃជំងឺខូវីដ ១៩ ត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានសេវាអន្តរាគមន៍
ក្រសួងការងារ ណែនាំអោយពលករ ដែលមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលការរាតត្បាតនៃជំងឺខូវីដ ១៩ ត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានសេវាអន្តរាគមន៍ ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២០ បានលើកឡើងថា ក្នុងគោលបំណងការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅបរទេស ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺខូវីដ ១៩ ក្រសួងការងារ សូមណែនាំអោយពលករខ្មែរ ដែលស្នាក់នៅ ឬធ្វើការនៅបរទេស ឬបានវិលមកស្រុកកំណើតវិញ ដូចខាងក្រោម ៖
១.សម្រាប់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ត្រូវអនុវត្តន៍តាមច្បាប់ បទបញ្ជា និងវិធានការសុខភាពនានា ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនោះ , ត្រូវអនុវត្តន៍តាមការណែនាំ ឬសេចក្ដីជូនដំណឹងរបស់ស្ថានទូតរបស់កម្ពុជា ប្រចាំនៅប្រទេសនោះ , ត្រូវខិតខំបំពេញការងារតាមការណែនាំរបស់អាជ្ញាធរ និងនិយោជក និងត្រូវទំនាក់ទំនងទៅស្ថានទូត ឬស្ថានកុងស៊ុលរបស់កម្ពុជា ជាបន្ទាន់ ក្នុងករណីមានបញ្ហា ។
២.សម្រាប់ពលករខ្មែរ ដែលបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ត្រូវអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដើម្បីអនុវត្តន៍វិធានការត្រួតពិនិត្យសុខភាព និងចត្តាឡីស័កេយៈពេល ១៤ថ្ងៃ , មានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានសេវាអន្តរាគមន៍ ប្រសិនបើចង់ស្វែងរកការងារថ្មី ត្រូវទំនាក់ទំនងទៅមន្ទីរការងារ រាជធានីខេត្ត ដើម្បីទទួលបានព័ត៍មានការងារ ។
មួយវិញទៀតនោះ ក្រសួងក៏បានជម្រុញអោយពលករ ចូលរួមជួយក្រុមគ្រួសារក្នុងការធ្វើស្រែចំការ ដាំដុះ និងរបរកសិកម្មផ្សេងៗទៀត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!