លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវអោយ ប្រជាពលរដ្ឋនៅទូទាំងប្រទេស បើកបរត្រូវគោរពច្បាប់ចរាចណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ខណៈការរឹតបន្ដឹងច្បាប់ចរាចរណ៍ នឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី ០១ ខែ ឧសភា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវអោយ ប្រជាពលរដ្ឋនៅទូទាំងប្រទេស បើកបរត្រូវគោរពច្បាប់ចរាចណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ខណៈការរឹតបន្ដឹងច្បាប់ចរាចរណ៍ នឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី ០១ ខែ ឧសភា នេះតទៅ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា « បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ សូមអោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានប័ណ្ណបើកបរពិតប្រាកដត្រឹមត្រូវ ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ ។
ប្រមុខរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ដែរថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺដើម្បីធានាសុវត្ថិភាព អាយុជីវិតបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិត ផងដែរ ដោយលោក ថា មិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់នោះឡើយ។
លោកនាយករដ្ឋមន្ត្រី សូមអោយបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស ។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកជំរុញនូវស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍អោយបានកាន់តែខ្ពស់ និងដើម្បីចូលរួមចំណែកទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលចេះតែកើនឡើងខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែកម្រិតផាកពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក។ កម្រិតផាកពិន័យក្នុងអំពើល្មើសចរាចរណ៍ផ្លូវគោកនេះ មានការកើនឡើងទ្វេដង បើធៀបនឹងការផាកពិន័យចាស់។
កម្រិតផាកពិន័យមួយចំនួន ដែលបានកំណត់ក្នុងអនុក្រឹត្យថ្មីស្តីពីការផាកពិន័យក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានកំណត់ថា ៖
១.ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២.ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣. ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤. ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
៥.ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។
៦. ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!