គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំ ស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ ខូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំ ស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ ខូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ ។
នៅទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM បើកកិច្ចប្រជុំ ស្តីពីកិច្ចសហការក្នុងការឆ្លើយតបនឹងវិបត្តិ ខូវីដ-១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ ដែលដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអង្គការ IOM ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា កិច្ចនេះ គឺធ្វើឡើងដើម្បីស្វែងរកការចូលរួមពីដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិល ក្នុងការឆ្លើយតបទៅនឹងវិបត្តិខូវីដ១៩ លើជនទេសន្តរប្រវេសន៍ និងសហគមន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពតាមសហគមន៍របស់អង្គការដៃគូរ និងមេរៀនទទួលបាន និងសម្រេចលើគោលការណ៍សកម្មភាពរួមគ្នា ដែលត្រូវអនុវត្ត នៅតាមបណ្តាសហគមន៍ ដែលមានជនទេសន្តរប្រវេសន៍វិលត្រឡប់ ដែលប្រឈមនឹងការខ្វះខាត ដើម្បីលើកកម្ពស់សុខភាព និងកិច្ចការពារ ព្រមទាំងដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀង និងជីវភាពរស់នៅផងដែរ។
លោកស្រីរដ្ឋលេខាធិការរូបនេះ ក៏បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ នឹងពិភាក្សាគ្នាលម្អិតបន្ថែមលើការធ្វើបច្ចុប្បន្នភាពលើយន្តការរបស់រាជរដ្ឋាភិបាល ស្តីពីការឆ្លើយតបនូវគម្រោងក្នុងការឆ្លើយតបចំពោះខូវីដ១៩ និងការវិលត្រឡប់របស់ជនចំណាកស្រុក ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ផងដែរ។
ជាងនេះទៀត កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសអោយអង្គប្រជុំទាំងមូល ចែករំលែកបទពិសោធន៍ និងគំនិតសំខាន់ៗ ឬក៏ជាសំណូមពរនានា ដើម្បីពិភាក្សារកចំនុច ឬក៏គោលបំណងរួមសម្រាប់ធ្វើកិច្ចសហការរួមគ្នាបន្ត ធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!