លោក ស ថេត ណែនាំអោយមន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រើពាក្យសំដី និងឥរិយាបថសមរម្យ ប្រកបដោយសីលធម៌ ក្នុងពេលអនុវត្តន៍ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្ត និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តេីមអនុវត្តន៍ពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ តទៅ ។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន អគ្គស្នងការរង ជាតំណាងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តចូលរួមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលត្រូវចូលរួមផ្ទាល់ក្នុងការចាប់ផ្តេីមរឹតបន្តឹងអនុវត្តន៍ចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរង និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់មតិណែនាំល្អៗជាច្រេីនដល់អង្គពិធីទាំងមូល ដេីម្បីយកទៅអនុវត្តន៍កិច្ចការរឹតបន្តឹងនេះអោយមានលក្ខណ:រលូន ប្រកបដោយការទទួឡខុសត្រូវខ្ពស់ និងជោគជ័យ ។
ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់ការណែនាំជាច្រេីនដល់មន្ត្រីដែលត្រូវចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាប់ផ្តេីមពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម ៖
១. ត្រូវរៀបចំខ្លួនអោយបានស្អាត ស្លៀកពាក់អោយបានសមរម្យ និងកាត់សក់ខ្លីជានិច្ច ។
២. ត្រូវមានសីលធម៌ គុណធម៌ អាកប្បកិរិយា និងប្រេីប្រាស់សំដីអោយបានសមរម្យ ជាពិសេសគ្រប់ពេលត្រួតពិនិត្យត្រូវធ្វេីការគោរពជានិច្ច ។
៣. ត្រូវពាក់អាវពន្លឺ ពាក់ភ្លេីងបំភ្លឺនៅលេីស្មា និងពិល ។
៤. ត្រូវពាក់ម៉ាស់ ស្រោមដៃ និងលាងដៃជាមួយទឹកអាល់កុលជាប្រចាំ ។
៥. តាមគោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ នឹងមានក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យ និងតាមដានជាប្រចាំរបស់សុខភាពមន្ត្រីដែលចុះអនុវត្តន៍ច្បាប់នេះ ។
ជាមួយគ្នានេះ លោក ស ថេត ក៏បានបង្ហាញការព្រួយបារម្ភ ដោយសារក្នុងឆ្នាំ២០១៩ កន្លងមក កំណេីនគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលអោយរងរបួស និងស្លាប់ប្រជាពលដ្ឋ មានការកេីនឡេីងខ្ពស់គួរអោយកត់សម្គាល់ ។
លោក ស ថេត បានបន្តថា ក្នុងឆ្នាំ ២០១៩ សមត្ថកិច្ចតែងតែមានការយោគយល់ច្រេីន ដោយតែងតែធ្វេីការណែនាំ អប់រំ ប៉ុន្តែដោយកំណេីនគ្រោះថ្នាក់នៅឆ្នាំ២០១៩ មានការកើនឡើង ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចធ្វើការកែប្រែ និងរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍បន្ថែមទៀត ក្នុងគោលបំណងសំខាន់ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាត់បន្ថយការស្លាប់ ការរងរបួស ពិការ ....ជាដើម ។
លោកស្នងការរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ត្រូវតែអនុវត្តន៍អោយបានស្មេីភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន អោយតែខុសច្បាប់ត្រូវអនុវត្តដូចៗគ្នា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!