អនុប្រធានទី២ រដ្ឋសភា ថ្លែងថា បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺខូវីដ ១៩ នៅកម្ពុជាបានថយចុះ តែត្រូវតែបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល
លោក ឃួន សុដារី បានថ្លែងថា បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបានថយចុះមកនៅតិចតួចក៏ពិតមែន តែយើងទាំងអស់គ្នាមិនត្រូវព្រងើយកន្តើយ ឬគិតថាជំងឺនេះផុតរលត់នោះទេ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី រដ្ឋបាលឃុំ-ភូមិ ស្ដីពីការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងជំងឺខូវីដ-១៩ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការស្រុកលើកដែក ខេត្តកណ្តាល លោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកណ្តាល បានថ្លែងថា បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបានថយចុះមកនៅតិចតួចក៏ពិតមែន តែយើងទាំងអស់គ្នាមិនត្រូវព្រងើយកន្តើយ ឬគិតថាជំងឺនេះផុតរលត់នោះទេ ។ យើងទាំងអស់គ្នា ជាពិសេសមន្រ្តីរាជការជុំវិញស្រុកដែលនៅជាប់ប្រជាពលរដ្ឋប្រចាំថ្ងៃ ត្រូវតែបន្តផ្សព្វផ្សាយអប់រំដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល ដល់ប្រជាពលរដ្ឋអំពីហានិភ័យជំងឺខូវីដ ១៩ និងភាពប្រថុយប្រថាននូវការឆ្លងជំងឺនេះ ។
លោកស្រី ឃួន សុដារី បានបញ្ជាក់បន្ថែមថា ជំងឺខូវីដ-១៩ នេះ គឺជាជំងឺឆ្លងរាតត្បាតជាសកល ដែលភាសាអង់គ្លេសហៅថា (Pandemic)។ បានន័យថា វាបាននិងកំពុងកើតមានឡើងស្ទើរគ្រប់ប្រទេស និងដែនដីលើសកលលោក ហើយបើប្រទេសណាមួយមិនមានករណីជំងឺនេះ ឬមានចំនួនតិចតួចក្តី ក៏មិនមែនមានន័យថា អាចរស់នៅដោយសេរីដូចកាលពីពេលមិនទាន់មានជំងឺនេះទេ លុះត្រាតែលែងមានអ្នកឆ្លងលើពិភពលោកទាំងមូល ឬមានថ្នាំព្យាបាល ឬថ្នាំបង្ការ ដែលត្រូវបានប្រើប្រាស់គ្រប់ទិសទី ។
លោកស្រីអនុប្រធានទី ២ រដ្ឋសភា បានបន្តថា ស្ថានការណ៍ក្នុងប្រទេសកម្ពុជា នៅមានភាពស្រួចស្រាលនៅឡើយ ដូច្នេះលោកស្រីអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពអោយបានខ្ពស់ ។
ក្រៅពីការពន្យល់ណែនាំអំពីការការពារសុខសុវត្ថិភាពផ្នែកសុខភាព លោកស្រី ឃួន សុដារី ក៏បានលើកឡើងទៅលើបញ្ហាសំខាន់មួយចំនួន ដែលជាផលប៉ះពាល់កើតឡើងពីជំងឺនេះ ដែលនោះគឺការប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រហូតដល់នយោបាយ ដោយលោកស្រី លើកជាឧទាហរណ៍មួយចំនួន កាលពីសម័យកាលប្រទេសធ្លាប់មានសង្គ្រាម ដែលពេលនោះទោះបីជាវឹកវរលំបាកយ៉ាងណាក៏ដោយ ក៏មនុស្សនៅអាចឆ្លៀតរៀនសូត្រ ឬធ្វើការប្រាស្រ័យទាក់ទងគ្នាបាន តែផ្ទុយទៅវិញ ចាប់តាំងពីការផ្ទុះឡើងនៃខូវីដ-១៩ មនុស្សក្នុងសង្គមទាំងអស់លើពិភពលោកបានផ្លាស់ទៅរបត់ថ្មី ដើម្បីបង្ការខ្លួនពីការឆ្លង មនុស្សត្រូវរស់នៅក្រោមវិធាន គម្លាតសង្គម(social distancing) អំពីរបៀបនៃការស្វាគមន៍ ធ្វើដំណើរ ឬប្រាស្រ័យទាក់ទងគ្នា ដោយធ្វើយ៉ាងណាមិនប៉ះពាល់គ្នា និងស្ថិតនៅពីគ្នាយ៉ាងតិច ១ម៉ែត្រ។
ដោយឡែកផ្នែកសេដ្ឋកិច្ច លោកស្រី ឃួន សុដារី បានអំពាវនាវអោយប្រជាពលរដ្ឋខិតខំដាំដុះភោគផលកសិកម្ម បរិភោគ និងចិញ្ចឹមសត្វ ដោយបានសង្កេតឃើញថា ភូមិសាស្រ្តទឹកដីស្រុកលើកដែកស្ថិតនៅជាប់ទន្លេដែលជាប្រភពទឹក សម្រាប់ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់ក្នុងការបង្កបង្កើនផលគ្រប់ប្រភេទ។
លោកស្រី បន្តថា សកម្មភាពពាណិជ្ជកម្មក្នុងឃុំមួយចំនួនដែលមានព្រំដែនជាប់ប្រទេសជិតខាងត្រូវបានផ្អាកបណ្តោះអាសន្ន ឬមានការលំបាក ដូចនេះការបង្កើន និងពង្រឹងផលិតផលក្នុងឃុំ-ភូមិ ជារឿងចាំបាច់ក្នុងការប្រែក្លាយសហគមន៍មួយអោយមានភាពធន់មាំស៊ាំទៅនឹងស្ថានការណ៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!