រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ លើកលែងករណីបំពានច្បាប់ ទើបចាប់ផ្ដើមសួររកឯកសារ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ទើបសមត្ថកិច្ចឃាត់មិនអោយធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។
មុនចាប់ផ្ដើមកិច្ចប្រជុំអំពីរបៀបវារៈខាងលើ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងអំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។
លោក ស ខេង លើកឡើងថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលអោយមានអ្នកស្លាប់ របួសពិការ បង្កអោយមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ ។
លោករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា ព្រោះតែហេតុយ៉ាងដូច្នេះហើយ បានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺខូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ស្របពេលមានទស្សនៈមួយចំនួនបានលើកឡើងថា វិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាល ទៅវិញនោះ លោក ស ខេង បានផ្ដល់ការពន្យល់ជូនទៅវិញថា ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រជាពលរដ្ឋនោះទេ តែផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ ។
លោក ស ខេង បានគូសបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនអោយធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។
លោកស្នើកុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះ ទើបថាជាវិធានការរដ្ឋបាល ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!