លោក ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ។
ក្នុងកិច្ចប្រជុំនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែលនានា ដែលបានខិតខំបំពេញភារកិច្ចទៅតាមការបែងចែករបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ទាំងការងារក្រសួង និងការងារនៅតាមមូលដ្ឋាន ដូចបណ្ដាក្រសួងស្ថាប័នផ្សេងទៀត ផងដែរ។
លោក ស ខេង ថា ក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការងារចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើអោយរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីរូបនេះ បានរំលឹកថា កន្លងមករបបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថា នយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ ។
លោករដ្ឋមន្ត្រី បានបន្តរំលឹកអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយបានប្រគល់ជូនលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដើម្បីថ្លែងជូនអង្គប្រជុំ អំពីសេចក្ដីព្រាងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលនៃក្រសួងមហាផ្ទៃ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!