ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអបអរសាទរ ខួប ២១ ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអបអរសាទរ ខួប ២១ ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន ។
តាមរយៈសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការអបអរសាទរ ខួបទី ២១ ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ នេះ គឺជាខួប ២១ឆ្នាំ (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន ដោយចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩ មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវជារួម ។
លោកនាយករដ្ឋមន្ត្រី បន្តថា អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ដែរថា ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ាន ជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជនខ្មែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!