ក្រសួងបរិស្ថានគ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ "ព្រៃឡង់" ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់
ក្រសួងបរិស្ថាន គ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ "ព្រៃឡង់" ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ ។
នៅរសៀលថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងគោលបំណងស្វែងរកទីតាំងសមស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ។
លោក សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពអោយមានការចូលរួមពីក្រសួងស្ថាប័ន និងដៃគូសហការផ្សេងទៀត ។
សូមជម្រាបថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសរុប ៤៣១ ៦៨៣ ហិកតា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!