អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀត នៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់
អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀត នៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ។
នៅរសៀលថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់អណ្តើកចំនួន ១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន ២ ដែល១ មានរូបពេញលេញ និង ១ទៀតមានត្រឹមមួយបំណែក ។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ខ្វាតពណ៌ស ( គ្រីស្តាល់ ) បង្កប់ក្នុងដីនៅទីនោះដែរ ។
ក្រុមការងារ បានបញ្ជាក់បន្ថែមថា គ្រាប់ខ្វាតពណ៌ស ( គ្រីស្តាល់ )នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួន យល់ច្រឡំថា ជាគ្រាប់ពេជ្រ ឬជារបស់មានតម្លៃផ្សេងៗ ប៉ុន្តែគ្រាប់ខ្វាតពណ៌ស (គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា ។
សូមរំលឹកដែរថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន ៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ ។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!