រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា អ្នកចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ ២ម៉ឺននាក់
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ។
នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធ ជាច្រើនផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ លោក ស ខេង បាថ្លែងថា តាមសំណើរបស់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីជួបជុំគ្នា ពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន ។
លោក ស ខេង បន្ថែមថា តាមរយៈជំងឺខូវីដ ១៩ ដែលកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែប្រទេសកម្ពុជាមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺត្រូវបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន ផងដែរ ។
ក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា តាមរយៈកិច្ចប្រជុំវាយតម្លៃការដាក់ចេញយុទ្ធនាការ ដើម្បីការដោះស្រាយបញ្ហាការកកស្ទះ ភាពចង្អៀតណែន នៅក្នុងពន្ធនាគារនេះ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោករដ្ឋមន្ត្រី ស ខេង ដែលការអនុវត្តទទួលបានជោគជ័យ កន្លងមក ។
លោក កើត រឹទ្ធ បន្ថែមថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងទៅ ដោយជនល្មើស ដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ ២ម៉ឺននាក់ ហើយសំណុំរឿងត្រូវបានកើនឡើងជាគំហុកនៅតាមសាលាដំបូង រីឯអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ក៏មានការកើនឡើងផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!