ក្រសួងវប្បធម៌ ព្រមានចាត់វិធានផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលបង្កមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណា ដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាព ឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កអោយមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ។
តាមរយៈសេចក្ដីណែនាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងទាំងអស់ អោយបញ្ឈប់នូវការផ្សាព្វផ្សាយគ្រប់រូបភាព សារជាអក្សរ សំឡេង និងវីដេអូ ដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពសង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះ ជាកំហិត។
ក្រសួងវប្បធម៌ គូសបញ្ជាក់ថា បន្ទាប់ពីសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអាជីវករតាមប្រព័ន្ធ Online អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាសំលេង អក្សរ និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាសក្រមសីលធម៌ បង្កអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាវិន័យនឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍ និងទូគមនាគមន៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការ ដោយអនុលោមតាមក្រមសីលធម៌នៃអ្នកសិល្បៈ ឬប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ឬនឹងដាក់ពាក្យបណ្តឹងទៅតុលាការដោយអនុលោមតាមក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!