អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា រយៈពេល ៤ ខែ មន្ត្រីឧទ្យានុរក្សចុះល្បាតបាន ៥១១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៣៩៩ ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានអះអាងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន៣៩៩ ករណីនៅក្នុងរយៈពេល ៤ ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ មានចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំបានចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។
នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអោយដឹងថា មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ បានរឹបអូសវត្ថុតាងជាច្រើន ក្នុងនោះរួមមាន ៖រឹបអូសរណាយន្តបានចំនួន ១៩៣ គ្រឿង , រថយន្ត ២ គ្រឿង ,គោយន្តចំនួន ៣៤ គ្រឿង ,ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគូប ព្រមទាំងឈើហ៊ុប និងឈើដុំចំនួន ១៦៥ កំណាត់ ។
លោក នេត ភក្ត្រា ថា នៅក្នុងអំឡុងនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញ និងរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់អោយបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិយ៉ាងណាក្ដី ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចៗ ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបន្តទៀត ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ លើកឡើងថា មានកត្តាផ្សេងៗដែលជំរុញអោយមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ ទោះជាយ៉ាងណា លោកបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។
លោក នេត្រ ភក្ត្រា បានអះអាងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានាប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់ ដោយលោកបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតង ដែលគាំទ្រថវិកាដោយUSAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។
លោកបានបន្តថា គម្រោងព្រៃឡង់បៃតងមានគោលបំណងធ្វើអោយប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងការបង្កើតអោយមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិជុំវិញតំបន់ព្រៃឡង់ ។ គម្រោងនេះ មានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញតំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!