អ្នកនាំពាក្យ PM លើផ្ទៃប្រទេស បំភ្លឺជុំវិញបញ្ហាការបង្ក្រាបទីតាំងជល់មាន់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងជល់មាន់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យោងតាមរបាយការណ៍ និងការត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹង លោក ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោក ឃឹម ប្រុស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ព្រមទាំងកម្លាំងដែលចុះប្រតិបត្តិការ មិនបានក្រៀកលូកហោប៉ៅខ្វេះយកលុយ ហើយក៏មិនបានយកលុយពីម្ចាស់ម៉ូតូ ផងដែរ។
ជាមួយគ្នានេះ លោក អេង ហ៊ី បន្តថា កងរាជអាវុធហត្ថ បាននិងកំពុងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការមានសមិត្ថកិច្ច អោយចាត់ការទៅតាមច្បាប់ ចំពោះបុគ្គល និងបណ្តាញព័ត៌មានដែលចុះផ្សាយបំផ្លើស ញុះញង់ មានចរិតបំបែកបំបាក់សាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ ។
ការប្រតិកម្មតបរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ ធ្វើឡើងបន្ទាប់ពី មានបណ្ដាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា កងរាជអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង ចុះប្លន់អ្នកលេងល្បែងក្រៀកខ្វេះយកលុយរាប់ពាន់ដុល្លា ចែកគ្នាចាយ ហើយថា កម្លាំងកងរាជអាវុធហត្ថស្រុកពារាំង បានចាប់ខ្លួនអ្នកកាសែតដែលគ្មានកំហុស ទៀតផង ។
តែយ៉ាងណា អ្នកនាំពាក្យ PM រូបនេះ បានគូសបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថស្រុកពារាំងបានចុះបង្ក្រាបល្បែងជលមាន់ ដែលស្ថិតនៅចំណុចភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ នៅពេលកម្លាំងចុះបង្ក្រាបនេះ ទាំងអ្នកភ្នាល់ ទាំងអ្នកមើល បានរត់គេចខ្លួនអស់ ដោយបានបន្សល់ទុកវត្ថុតាងមួយចំនួន មានដូចជា ៖ ម៉ូតូ ១៣គ្រឿង ,ជញ្ជីងថ្លឹងមាន់ ១ , កន្ត្រក់ដាក់មាន់ ៥ និងមាន់ចំនួន ២ ក្បាល ដោយជំនាញកងរាជអាវុធហត្ថស្រុកពារាំង បានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។
តាមការណែនាំរបស់តំណាងអយ្យការ ជំនាញក៏បានប្រគល់ម៉ូតូអោយអ្នកភ្នាល់ និងអ្នកមើល វិញ ដោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើនេះតទៅទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!