លោក កឹម សុខា នឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ជាបន្តបន្ទាប់ ក្នុងសប្ដាហ៍នេះ
លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកនឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ជាបន្តបន្ទាប់ ក្នុងសប្ដាហ៍នេះ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានសរសេរថា «ក្នុងសប្តាហ៍នេះ លោកនឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយជួបផ្ទាល់នៅគេហដ្ឋានរបស់លោក ជាបន្តបន្ទាប់»។
លោក កឹម សុខា បន្តថា ដោយឡែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា មួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ស្របពេលមានជម្ងឺខូវីដ១៩ មិនអាចមកជួបលោកផ្ទាល់បាន ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្តាញសង្គមមកសួរសុខទុក្ខលោក ផងដែរ។
សូមរំលឹកដែរថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា ក៏បានទទួលជួបជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអុឺរ៉ុប ប្រចាំនៅកម្ពុជា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!