អគ្គស្នងការរង ៖ ក្នុងរយៈពេល១១ថ្ងៃ នៃការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលបានធ្វើការផាកពិន័យយានយន្ដ នៅទូទាំងប្រទេស ចំនួន ១៩ ០០៤ ករណី
ក្នុងរយៈពេល១១ថ្ងៃ នៃការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលបានធ្វើការផាកពិន័យយានយន្ដ នៅទូទាំងប្រទេស ចំនួន ១៩ ០០៤ ករណី ។
ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល១១ថ្ងៃ នៃការអនុវត្តរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលបានធ្វើការផាកពិន័យយានយន្ដ នៅទូទាំងប្រទេស ចំនួន ១៩ ០០៤ករណី ក្នុងនោះ ម៉ូតូ ១៤ ២៧១ករណី ស្មើ ៧៥% ហើយល្មើសលើរថយន្ដគ្រប់ប្រភេទ គឺមាន ៤៧៣៣ករណី ស្មើ ២៥ % ។
លោក បន្តថា ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក៏មានការថយចុះ ផងដែរ។
លោក ហ៊ឹម យ៉ាន គូសបញ្ជាក់បន្ថែមថា ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ត្រូវអនុវត្តន៍ជារៀងរហូត ដោយហេតុថា រាជរដ្ឋាភិបាលកំណត់យក ឆ្នាំ២០២០ គឺជា ឆ្នាំនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។
សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេសអោយប្រជាពលរដ្ ឋចូលរួមគោរពច្បាប់ចរាចរណ៍៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!