គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ពិភាក្សាពីការស្រូបទាញភ្ញៀវទេសចរជាតិដើម្បីជួយប៉ះប៉ូវដល់អាជីវកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺខូវីដ ១៩
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ពិភាក្សាពីការស្រូបទាញភ្ញៀវទេសចរជាតិដើម្បីជួយប៉ះប៉ូវដល់អាជីវកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺខូវីដ ១៩ ។
ស្របពេលដែលវិបត្តិនៃជំងឺខូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា៖ វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូន ជាដើមគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ មកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។
យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញ ដើម្បីទាក់ទាញទេសចជាតិ មានដូចជា៖ ជម្រុញអោយបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសប៊ុក ជាដើម ការជម្រុញអោយមានកម្មវិធីទេសចរណ៍ខ្នាតតូច ដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារ ដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ជាដើម។
ក្នុងកិច្ចប្រជុំនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាអោយភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍អោយបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជម្រុញអោយសេវាកម្មទេសចរណ៍នានា អោយដំណើរការបានមួយចំនួន ផងដែរ។
ជាមួយគ្នានេះ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានគណៈកម្មការ បានគាំទ្រនូវយន្តការដែលអង្គប្រជុំបានលើកឡើង ដើម្បីជម្រុញអោយចលនាទេសចរណ៍ក្នុងចំណោមភ្ញៀវជាតិ ។
តែយ៉ាងណា លោក សុខ សង្វារ បានក្រើនរំឭកដល់អង្គប្រជុំអំពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺខូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ ។
អគ្គនាយករងរូបនេះ ក៏បានជម្រុញអោយបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិខូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាសដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើង ដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!