ទូតចិន សាទរចំពោះកម្ពុជា ក្នុងការទប់ស្កាត់ជំងឺខូវីដ ១៩ ដោយអ្នកធ្លាប់ផ្ទុកជំងឺនេះ បានជាសះស្បើយទាំង ១២២នាក់
១ថ្ងៃបន្ទាប់ពីកម្ពុជា បានប្រកាសថា អ្នកធ្លាប់ផ្ទុកជំងឺខូវីដ១៩ បានជាសះស្បើយទាំង ១២២នាក់ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានថ្លែងសារអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធផលដ៏ល្អ ក្នុងការទប់ស្កាត់ជំងឺនេះ។
យោងតាមការផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងសារអបអរសាទរ ដោយស្ថានទូតចិន បានថ្លែងថា ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំដ៏ពិតប្រាកដ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចការទប់ស្កាត់នឹងជំងឺខូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាខ្លាំង ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបន្ថែមថា រហូតដល់ថ្ងៃទី១៦ ខែឧសភា អ្នកផ្ទុកជំងឺខូវីដ ១៩ បានធ្លាក់ដល់ កម្រិតសូន្យ អត្រានៃការព្យាបាលជាសះស្បើយចំនួន ១០០% ចំនួន ៣៥ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងនោះទេ។ ជាមួយគ្នានេះ ស្ថានទូតចិន បានជូនពរប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅ មានជីវភាពកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថា អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!