ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៖ យុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង ត្រូវអនុវត្តន៍ឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសគាំទ្រពេញទំហឹង ចំពោះការដាក់ចេញឱ្យអនុវត្តន៍នូវយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសលើសំណុំរឿងបទល្មើសគ្រឿងញៀន ក៏ប៉ុន្តែត្រូវអនុវត្តន៍ឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
បើតាមការបញ្ជាក់របស់លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ រវាងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក មាស វិរិទ្ធ បានឱ្យដឹងថា ការអនុវត្តនូវយុទ្ធនាការក្នុងដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាក្តីគ្រប់ឋានានុក្រមនេះ ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន អបអរសាទរ និងចូលរួមគាំទ្រយុទ្ធនាការនេះ ដែលស្របជាមួយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់របស់រាជរដ្ឋាភិបាល គឺមិនដើរបញ្ច្រាសគ្នាទេ គឺគាំទ្រគ្នាទៅវិញទៅមក ។
លោក មាស វិរឹទ្ធ បន្តថា ក្នុងការកកស្ទះសំណុំរឿងមួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឯកភាពឱ្យលើកយកសំណុំរឿងគ្រឿងញៀនមកពិនិត្យ និងពិចារណា ប៉ុន្តែត្រូវអនុវត្តឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ។
លោក មាស វិរិទ្ធ បានបន្ថែមថា ការប្រកាសឱ្យអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្តិធម៌ គឺជាការខិតខំលើកកម្ពស់ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងយុទ្ធនាការដោះស្រាយការការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ឱ្យដើរទន្ទឹមគ្នាផងដែរ។
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានអោយដឹងដែរថា លើសំណុំរឿងបទល្មើសគ្រឿងញៀន រួមមាន៖ បទល្មើសប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានចោទប្រកាន់តាមមាត្រា ៤៥ និងមាត្រា៥៣ ជាមួយនឹងសំណុំរឿងដែលត្រូវផ្តន្ទាទោសមជ្ឈឹម នឹងត្រូវលើកយកពិចារណា ក៏ប៉ុន្តែការពិចារណានេះ គឺស្ថិតនៅក្នុងកម្រិតមួយ ដោយវិភាគទៅលើអង្គសេចក្តី ប្រសិនបើបញ្ហានោះធ្វើឱ្យមានផលប៉ះពាល់ ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺអាជ្ញាធរនឹងមិនលើកយកមកពិចារណានោះទេ។ ដូច្នេះយុទ្ធនាការនេះ មិនមែនជាយុទ្ធនាការដោះលែង អ្នកទោសនោះដែរ ក៏ប៉ុន្តែទាំងនេះ គឺជាការដោះស្រាយ ដើម្បីសុវត្ថិភាពសង្គម និងសុខមាលភាព របស់មនុស្សតែប៉ុណ្ណោះ។
គូសបញ្ជាក់ដែរថា ក្នុងជំនួបនោះដែរ លោក កើត រិទ្ធ ក៏បានបញ្ជាក់ជូនលោក កែ គឹមយ៉ាន ឱ្យដឹងថា ក្រសួងបានបែងចែកក្រុមការងារជា ៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្រុមការងារសម្រាប់ដោះស្រាយការកកស្ទះសំណុំរឿងនេះ រួមមាន៖ លោក គឹម សន្តិភាព ទទួលខុសត្រូវរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលក្រុមការងារទី១នេះ គឺមានសំណុំរឿងច្រើនជាងគេ, ទី២៖ លោក ឡុង ណារិន្ទ ដែលទទួលបន្ទុកតំបន់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ, ទី៣៖ លោក ជីវ សុងហាក់ ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បូករួមខេត្តកំពង់ឆ្នាំង និងទី៤៖ លោក ជិន ម៉ាលីន ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ រួមទាំងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ក្រុមការងារទាំង៤នេះ មានលេខាធិការដ្ឋានមួយ សម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។
លោក កើត រិទ្ធ ក៏បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នៅក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
សូមជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់) ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!