រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ នៅខេត្តកំពង់ឆ្នាំង
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ នៅខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។
គម្រោងស្ថាបនាផ្លូវនេះ សម្រេចបាន ៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកក្ដដា ខាងមុខនេះ ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន និងប្រតិភូអមដំណើរ ក៏បានចុះទៅពិនិត្យការដ្ឋានជីកស្រះទឹកសហគមន៍ មួយកន្លែង ក្នុងចំណោមស្រះទឹកចំនួន ៥ កន្លែង ដែលមានរៀបថ្មតាមជើងទេរ ទំហំ ៥០ ម៉ែត្រ x ៥០ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ស្ថិតនៅភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!