មេបញ្ជាការកងទ័ពជើងទឹក ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូលដ៏រឹងមាំ
នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។
តាមរបាយការណ៍វគ្គហ្វឹកហ្វឺន ចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួម ២៥០ នាក់ ក្នុងនោះគ្រូបង្វឹក ១១នាក់ និងសិក្ខាកាម ២៣៩នាក់ ជាពលនាវឹកជ្រើសរើសថ្មី។
ហ្វឹកហាត់រយៈពេល ៣ខែ មានដូចជា៖ លំហាត់របៀបអប់រំចិត្តសាស្ត្រ អប់រំសុខាភិបាល ភស្តុភារ-ហិរញ្ញវត្ថុ កាយសិក្សាយោធាបច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើង យុទ្ធវិធីប្រយុទ្ធថ្នាក់បុគ្គល និងបាញ់ស៊ីប ។
ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ៩៩នាក់ ស្មើ ៤១,៤២ភាគរយ ល្អបង្គួរ ១០២នាក់ ស្មើនឹង ៤២,៦៨ ភាគរយ និងមធ្យម ៣៨នាក់ ស្មើនឹង ១៥,៩០ភាគរយ ។
ក្នុងឳកាសនោះ លោក ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះរឹងមាំតាមជំនាញឯកទេសថែមមួយកម្រិតទៀត ។
លោក ទៀ វិញ ក៏បានវាយតម្លៃខ្ពស់ការហ្វឹកហាត់ផ្ទេរចំណេះដឹងដល់នាវិកថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សទទួលបានជោគជ័យ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយុទ្ធពលខេមរៈភូមិន្ទ វិស័យទ័ពជើងទឹកទាំងពេលបច្ចុប្បន្ន និងទៅអនាគតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាលើគ្រប់ស្ថានភាព ទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេសអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!