ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មាន មនុស្សបើក (ដ្រូន)
ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មាន មនុស្សបើក (ដ្រូន) ។
នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយមានការអញ្ជើញ ចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោក ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬហៅថា (ដ្រូន)នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយអនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត ។ លោក ប៊ុន ហុន បន្តថា ការលើកយកសេចក្តីព្រាងអនុក្រឹត្យនេះមកពិភាក្សាបន្តទៀត ព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ ដោយលោក លើកឡើងថា អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ ។
លោក ប៊ុន ហុន បញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះរួច ក្រសួងមហាផ្ទៃក៏នឹងអាចប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តន៍បាន ផងដែរ ។
បើតាមលោក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីអំពីដំណើរការតាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ថា កាលពីពេលប្រជុំលើកទី១ អង្គប្រជុំបានសម្រេចកែសម្រួលនៅលើនិយមន័យ បន្ថែមមួយចំនួន រីឯចំណុចមួយទៀតទាក់ទងទៅនឹងសមត្ថកិច្ច ដោយអង្គប្រជុំបានកែសម្រួលបញ្ចូលបន្ថែមនូវការបណ្តុះបណ្តាល ការហ្វឹកហាត់នៃការប្រើអាកាសយានគ្មានមនុស្សបើក (ដ្រូន)ហើយក៏បានសម្រេចបន្ថែម ដាក់លក្ខខណ្ឌមួយចំនួនឱ្យអ្នកផលិត ឬអ្នកកែច្នៃឱ្យគាត់ត្រូវចុះបញ្ជីការបច្ចេកទេស ឬមានប្លង់រួមពីបច្ចេកទេសដើម្បីដាក់ជូនសមត្ថកិច្ចផងដែរ។
គូសបញ្ជាក់ដែរថា អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ អនុក្រឹត្យនេះ គឺក្នុងគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង អាកាសយានគ្មាន មនុស្សបើក (ដ្រូន) ផងដែរ ។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ប៉ុណ្ណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!