រដ្ឋសភាវៀតណាម ផ្តល់ម៉ាសជាង៣០ពាន់ដល់សភាកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងជំងឺខូវីដ១៩
រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាសចំនួន១២កេស ស្មើនឹងម៉ាសចំនួន ៣០ពាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងការការពារជំងឺខូវីដ ១៩។
ពិធីទទួល និងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ មានការចូលរួមជាសាក្សីពីគណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការ ផងដែរ។
លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។ អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។
លោកអគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ លោក បន្តថា អំណោយនេះ គឺជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។
សូមជម្រាបថា នៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ បានព្យាបាលជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យជាប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍។ បើទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយនឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!