លោក ហេង សំរិន ៖ សន្តិភាពថ្ងៃនេះ គឺអ្នកស្នេហាជាតិយកជីវិតទៅប្តូរ
លោក ហេង សំរិន ថ្លែងថា សន្តិភាពថ្ងៃនេះ គឺអ្នកស្នេហាជាតិយកជីវិតទៅប្តូរ ។
នៅក្នុងឱកាស ទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី ២០ ខែឧសភានេះ លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់ជាតិមួយរូប ដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម បានលើកឡើងថា សុខសន្តិភាពដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនកើតមកដោយងាយៗនោះឡើយ គឺបានដោយឥស្សរជនស្នេហាជាតិ យកអាយុជីវីតទៅប្តូរ។
លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋទំាងអស់រួបរួមគ្នាការពារថែរក្សាឲ្យបាននូវសុខសន្តិភាពនេះ ឲ្យគង់វង្សរហូតទៅ ដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀត ដោយលោកបានគូសបញ្ជាក់ថា មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឲ្យយើងមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនឆាប់រហ័សនោះ។
គួរកត់សម្គាល់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៤ របបខ្មែរក្រហមដាក់ចេញនូវគោលនយោបាយដ៏ឆ្កួតលីលា ដូចជា ផែនការការជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សាររូបិយប័ណ្ណ សាសនា ជាដើមមុនរបបនេះឡើងគ្របគ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៧មករា ឆ្នាំ១៩៧៩។
ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេសជាតិ ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ ។ ពលរដ្ឋកម្ពុជាបានរស់នៅក្នុងសមុទ្រទឹកភ្នែកនិងឈាម របបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង ៣លាននាក់។
ហេតុដូច្នេះហើយ លោក ហេង សំរិន លើកឡើងថា ដោយមើលឃើញពីគ្រោះមហន្តរាយ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋ និងប្រទេសជាតិបែបនេះ ទើបមានកម្លំាងស្នេហាជាតិមួយ បានកើតឡើង ដើម្បីវាយរំលំរបបប្រល័យពួជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរ ជាថ្ងៃស្រោចស្រង់ និងកសាងប្រទេសជាតិចេញពីគំនរផេះផង់ ឈានមកទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!