លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងតំបន់ជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងតំបន់ជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គួរកត់សម្គាល់ថា ការគ្រប់គ្រងតំបន់ជលផលព្រែកកំពង់ស្មាច់ ត្រូវបានជ្រើសរើសជាតំបន់គ្រប់គ្រងជលផលសមុទ្រក្រោមជំនួយថវិកាពីអង្គការ PEMSEA តាំងពីឆ្នាំ២០០៩ ដែលគ្របដណ្តប់ ៦ឃុំ និងទទួលទឹកពីដៃស្ទឹងតូច-ធំចំនួន១៦ ប្រវែងជាង ១០គីឡូម៉ែត្រ ពិសេសស្ទឹងមកពីភ្នំបូកគោ ហូរចាក់ទៅឆកវាលរេញ ដែលមានព្រៃកោងកាងចំនួន ៣៩ប្រភេទ ក្នុងនោះមាន ៖ ស្មៅសមុទ្រ វាលល្បាប់ភក់ (អាចធ្វើស្រែបាន) សិប្បសត្វក្រោមដើមកោងកាងច្រើនប្រភេទ និងប្រភេទសត្វស្លាប ផងដែរ ។
ព្រែកកំពង់ស្មាច់ ត្រូវបានចាត់ជាអាទិភាព ដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលទី២ ក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រជុំកោះរ៉ុង។ ព្រែកកំពង់ស្មាច់មានផ្ទៃក្រឡាសរុប ៥,៨៤៨ហិកតា ក្នុងនោះផ្ទៃទឹក ២,៨៧៩ហិកតា ល្បាប់ភក់ ៧២ហិកតា ដោយត្រូវបែងចែកជា ៣កន្លែងគ្រប់គ្រង គឺ កន្លែងអភិរក្សជលផល ៤៥៦ហិកតា , កន្លែងការពារជលផល ១,០៨៥ហិកតា និងកន្លែងប្រើប្រាស់ច្រើនយ៉ាង ១,៣៥៦ហិកតា។
ក្នុងកិច្ចប្រជុំនេះដែរ លោក គួច ចំរើន បានធ្វើការណែនាំឱ្យបង្កើតក្រុមការងារ ដើម្បីបញ្ចេញមតិយោបល់គ្រប់ជ្រុងជ្រោយ សិក្សាពីទិន្នន័យសេដ្ឋកិច្ច ដើម្បីរកប្រភពចំណូលសម្រាប់ការការពារ ការអភិរក្ស និងការគ្រប់គ្រងតំបន់ព្រែកកំពង់ស្មាច់ លើកកម្ពស់គម្រោងអេកូទេសចរណ៍តាមរយ:សហគមន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើនសកម្មភាពសិក្សាស្រាវជ្រាវក្នុងតំបន់ឱ្យកាន់តែសម្បូរបែប ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!