លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពង្រឹងប្រព័ន្ធ E-Government សម្រាប់ការវិនិយោគនៅកម្ពុជា
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Yao Yuejin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍Seatel ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម ។
ជាកិច្ចចាប់ផ្តើម លោក ស ខេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូរបស់តំណាងក្រុមហ៊ុនទូរគមនាគមន៍ Seatel ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកក៏បានអបអរសាទចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងអបអរសាទចំពោះវឌ្ឍនភាព ក៏ដូចជាការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលបានដំណើរការរហូតមកដល់បច្ចុប្បន្ននេះផងដែរ។
លោក Yao Yuejin បានជម្រាបជូនលោករដ្ឋមន្ត្រី ស ខេង ថា ក្រុមហ៊ុនបានកំពុងតែពង្រឹងនូវសេវាកម្មរបស់ខ្លួនខាងផ្នែកសេវាកម្មអ៊ីនធើណេតល្បឿនលឿន និងសេវាទូរស័ព្ទចល័តដោយសារក្រុមហ៊ុនមានហេដ្ឋារចនាសម្ពន្ធ័របស់ខ្លួនស្រាប់។
ក្នុងឱកាសនោះ លោក ស ខេង ក៏បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំពង្រឹងប្រព័ន្ធ E-Government សម្រាប់ការវិនិយោគនៅកម្ពុជា ដែលនេះក៏ជាកត្តាមួយរួមចំណែកឱ្យវិស័យទូរគមនាគមន៍មានវឌ្ឍនភាពទៅមុខផងដែរ។
ជាមួយគ្នានេះ លោក Yao Yuejin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍Seatel បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការជួយគាំទ្រលើផ្នែកនានា ដូចជា បច្ចេកវិទ្យា សេវាកម្ម ឬផលិតផលណាមួយ ដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ផងដែរ។
ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងចំណុចនេះ លោករដ្ឋមន្ត្រី ស ខេង ក៏បានស្វាគមន៍ និងគាំទ្រចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលបានផ្សារភ្ជាប់នឹងកិច្ចសហប្រតិបត្តការជួយគាំទ្រដល់វិស័យបច្ចេកវិទ្យា ដែលលោក ក៏បានលើកទឹកចិត្តចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ។
លោក ស ខេង ក៏បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ឲ្យរួមគ្នាសិក្សាស្វែងយល់ជាមួយក្រុមហ៊ុន ដើម្បីស្វែងរកនូវឱកាសណាមួយ ដែលភាគីទាំងពីរអាចផ្ដល់នូវកិច្ចសហការជាមួយគ្នាទៅវិញទៅមកបាន ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!