រដ្ឋមន្ត្រីក្រសួងសាធារណការ អះអាងថា ផ្លូវជាតិលេខ៣ មានគុណភាពល្អ ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ មានគុណភាពល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល ។
នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅទៅក្រុងកំពត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែកផ្លូវ ជាដើម ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។
លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួងស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែលប្ដូរពីផ្លូវAC ទៅផ្លូវបេតុងផងដែរ។
ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ចំនួនបីកន្លែង ដោយមិនបានជូនដំណឹងជាមុនពីសំណាក់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លទ្ធផលបានបង្ហាញថា គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានចុះពិនិត្យទីតាំងដែលត្រូវបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើដំណើរឆ្លងកាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!