រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំឆ្នេរអូរត្រេះ ២ អោយក្លាយជាឆ្នេរសាធារណៈ ដោយមិនឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំឆ្នេរអូរត្រេះ ២ អោយក្លាយជាឆ្នេរសាធារណៈ ដោយមិនឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ។
នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ ជាឆ្នេរសាធារណៈ ដោយគម្រោងស្ថាបនាអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ និងទទួលអនុវត្តន៍ដោយក្រុមហ៊ុន អូរត្រេះ មេនេចមេន ដែលមានប្រវែង១ ៧៤៦ម៉ែត្រ ។
គម្រោងស្ថាបនាអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ នេះ រួមមាន៖
១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត
២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤.តំឡើងបង់អង្គុយលេង
៥.សាងសង់បន្ទប់ទឹកថ្មី
៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨.រៀបចំសួនកុមារ
៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ ។
ក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន បានណែនាំដល់ក្រុមហ៊ុនទទួលអភិវឌ្ឍន៍គម្រោងនេះ បន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែងប្រមាណ ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្រជាលំហរឆ្នេរសាធារណ: ។
បន្ថែមពីនេះ លោកអភិបាលខេត្ត មានបន្តថា នៅឆ្នេរសមុទ្រនេះមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្រ ជាឆ្នេរលំហសាធារណ: សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ក៏ប៉ុន្តែត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!