រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ដើម្បីធានាឱ្យដំណើរការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ដើម្បីធានាឱ្យដំណើរការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដោយមិនរង់ចាំដល់ពេលក្រុមហ៊ុនបានសាងសង់ចប់សព្វគ្រប់ទាំងស្រុងនោះទេ ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ដោយមានការ ចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និង ភាគីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។
ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងអោយក្រុមហ៊ុន សាងសង់ដឹងជាមុន លទ្ធផលបានបង្ហាញថា គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។
គួរកត់សម្គាល់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗ គឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ។
ក្នុងនោះ ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លាន ដុល្លារអាមេរិក ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមានរយៈពេល ៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ដែលសម្រេចបាន ៧០,០៥%ហើយ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ពី២គន្លង ទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់ សរុបចំនួន១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេលប្រមាណ៤២ខែ គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ដែលសម្រេចបាន ១៥,៦៥%ហើយ។
រីឯគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មានប្រវែងសរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាម ដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២គន្លង ទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៦,៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេលប្រមាណ៤៨ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ដែលសម្រេចបាន ២៦,២៦%ហើយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!