នៅក្នុងឆ្នាំ២០១៩ កន្លងទៅ កងកម្លាំងមានសមត្ថកិច្ច បានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ១៦៩លើ១៣៤ករណី កើន៣៥ករណី
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអោយដឹងថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ កងកម្លាំងមានសមត្ថកិច្ច បានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន ១៦៩លើ១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១ភាគរយ ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងអំពីស្ថានភាពប្រឈម នៃអំពើការជួញដូរមនុស្ស នាពេលចុងក្រោយនេះ ដែលកើតឡើងដោយសារ ការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសឆ្លងដែនពីកម្ពុជាចូលទៅកាន់ប្រទេសថៃ នៅក្នុងពេលប្រទេសថៃបានរឹតបន្តឹងទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមថ្មីនេះជាចាំបាច់ ។
លោកស្រីរដ្ឋលេខាធិការ បានបន្តថា លទ្ធផលការងារប្រយទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ ការលើកកម្ពស់សមត្ថភាពគាំទ្រ ទាំងនៅក្នុងកម្រិតផ្ទៃប្រទេស និងក្រៅប្រទេស។
លោកស្រី ជូ ប៊ុនអេង បានអោយដឹងថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដាន ស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១៦៩ លើ១៣៤ករណី កើន ៣៥ករណី ស្មើនឹង២៦,១១ភាគរយ ដោយឃាត់ខ្លួនជនសង្ស័យបាន ២២៩ លើ២២៤នាក់ បើធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន ៤៥៦នាក់ លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើសបានជាច្រើនកររណីទៀតផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!