លោក មាស វិរិទ្ធ ស្នេីសុំប្រទេសហត្ថលេខី មហាអនុតំបន់ទន្លេមេគង្គទាំងអស់ បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១
លោក មាស វិរិទ្ធ ស្នេីសុំប្រទេសហត្ថលេខី មហាអនុតំបន់ទន្លេមេគង្គទាំងអស់ បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ។
លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះ នៅក្នុងពិធីបេីកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគ្នាមន្រ្តីសម្របសម្រួល ប្រទេសហត្ថលេខីអនុស្សារណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ លោក មាស វិរិទ្ធ ថា ដោយសារបញ្ហាជំងឺកូវីដ ១៩ ពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNODC នៅឡេីយនោះទេ ដោយលោកសុំស្នេីអង្គប្រជុំជជែកពិភាក្សាគ្នារកឲ្យឃេីញនូវដំណោះស្រាយសមស្របណាមួយ ដេីម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លេីយតបឲ្យបានទៅនឹងការគំរាមកំហែងដោយគ្រឿងញៀន នាពេលបច្ចុប្បន្ននេះ។
លោក មាស វិរិទ្ធ បន្តថា ស្របពេលដែលកំពុងមានបញ្ហាជំងឺកូវីដ ១៩នេះ កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់ និងលេីសកលលោកមានការធ្លាក់ចុះ ដែលបានធ្វេីឲ្យក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់តាំងបានបង្កេីនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វេីសកម្មភាពល្មេីសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំង ក្នុងការអនុវត្តផែនការអនុតំបន់ដែលរៀបចំដោយអង្គការUNODC ផងដែរ ។
លោក មាស វិរឹទ្ធ បញ្ជាក់ថា កម្ពុជាបានចូលរួមសកម្មភាពជាមួយតំបន់ និងសាកលលោក ក្នុងការខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តពហុវិស័យ ស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ ដោយបង្រ្កាបបានបទល្មេីសគ្រឿងញៀនចំនួន ៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យបាន ២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៧៥០គីឡូក្រាម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!