រយៈពេល ២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចឃាត់យានយន្ដល្មើសច្បាប់ជិត ៤ម៉ឺនគ្រឿង
រយៈពេល ២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចឃាត់យានយន្ដល្មើសច្បាប់ជិត ៤ម៉ឺនគ្រឿង ។
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈគណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍ផ្លូវគោក បានមានថ្លែងថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស សមត្ថកិច្ចបានធ្វើការឃាត់យានយន្ដល្មើសច្បាប់បានចំនួន ៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត ២៧៨១២គ្រឿង និងរថយន្ដចំនួន ១០៣៧៧គ្រឿង។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា មានប្រជាពលរដ្ឋច្រើនលើសលុប ចូលរួមគាំទ្រការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផងដែរ ។
លោក ស ខេង ថា លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញាចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%»។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចចំពោះគោលការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ។ ជាពិសេស សមត្ថកិច្ចត្រូវមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីទទួលការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។
បន្ថែមពីនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ម្ដងទៀត ទៅកាន់សមត្ថកិច្ចទាំងអស់ ថា មិនត្រូវឃាត់រថយន្ដណា ដែលមិនបានល្មើសច្បាប់ឡើយ ប៉ុន្តែ បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ចត្រូវសួរនាំរកឯកសារពាក់ព័ន្ធទាំងអស់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!