កម្ពុជា ស្នើរដ្ឋាភិបាលអូស្ត្រាលី ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី
កម្ពុជា គឺជាគោលដៅទេសចរណ៍ដំបូងគេ ដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ ១៩នៅទូទាំងពិភពលោក ។ នេះជាការបញ្ជាក់របស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Chiho Kang លើកឡើងដូច្នេះ ដោយសារលោកបានទៅទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជា លើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសាន ជាដើម ដោយលោកបានកោតសរសើរថា នៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
លោកឯកអគ្គរដ្ឋទូត បានបន្ត ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលមាននៅកម្ពុជានេះ លោកក៏មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសកំណើតរបស់លោកដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ រសាត់ផុតទៅ។
លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា កិត្តិនាមមនុស្សធម៌សប្បុរសធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសណ្ដោសប្រណីចំពោះភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាពល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការអរគុណចំពោះការចូលរួមរបស់ស្ថានទូតអូស្ត្រាលី ក៏ដូចជាលោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលមានក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដាការពារសុវត្ថិភាពសុខភាព កាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនានៅពេលក្រោយវិបត្តិជំងឺកូវីដនេះ។
លើសពីនេះ លោក ថោង ខុន ក៏បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលីជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត ផងដែរ ដោយបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ៣,៥០០នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលី ដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលទីក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខវិជ្ជាទេសចរណ៍ ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមានកំណើនទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលីមកកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយលោករដ្ឋមន្ត្រី គូសបញ្ជាក់ថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរអូស្ត្រាលី បានមកទស្សនានៅកម្ពុជា មានចំនួនប្រមាណ ១២ម៉ឺននាក់ ។ ប៉ុន្តែកន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ប្រទេសថៃ ឬប្រទេសសិង្ហបុរីមួយដំណាក់សិន មុនចូលមកដល់ប្រទេសកម្ពុជា ឬទៅដល់ប្រទេសអូស្ត្រាលី។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pablo Chiho Kang បានទទួលយកទាំងក្ដីរីករាយ ដោយបានសន្យាថានឹងលើកឡើងជូនរដ្ឋាភិបាលរបស់លោក ដើម្បីសំដៅបន្តរឹតចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែល្អប្រសើរខ្លាំងឡើង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!