លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ ១៩ ។
នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកជាថ្មីម្ដងទៀត ពាក់ព័ន្ធរលកទី ២ នៃការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ដោយលោកនាយករដ្ឋមន្ត្រី លើកឡើងថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ ១៩ អោយសោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា កុំអោយមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍ នាពេលបច្ចុប្បន្ននេះ បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជា មានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២ នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ គូសបញ្ជាក់ថា មកដល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគនេះ បានកើនឡើងជាង ៥លាននាក់ហើយ ( ៥ ៤៩១ ៦៧៨ ) ហេីយអ្នកស្លាប់មានជាង ៣០ម៉ឺននាក់ ដោយក្នុងនោះ កម្ពុជាក៏មានអ្នកឆ្លងថ្មី ចំនួន ២ នាក់ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ ១៩ នៅឡេីយទេ ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហេីយត្រូវដុសលាងសម្អាតដៃ ជាប្រចាំដោយទឹកអាល់កុល ឬជែលសម្លាប់មេរោគ ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជា ទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការ ជាដើម។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា ក្នុងករណី មានចម្ងល់ ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ : ១១៥ ជាបន្ទាន់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!