លោក ស ខេង ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានចូលរួមដោះស្រាយបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ
លោក ស ខេង គាំទ្រចំពោះយុទ្ធនាការដោះស្រាយការកក់ស្ទះសំណុំរឿងនៅក្នុងពន្ធនាគាររបស់រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌ ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កិត្យានុភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់ការដោះស្រាយបញ្ហាអសកម្មនានា នៅក្នុងពន្ធនាគារ ផងដែរ។
លោក ស ខេង បន្តថា សម្រាប់យុទ្ធនាការនេះ ក៏បានចូលរួមដោះស្រាយបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាល ដោយក្នុងនោះរួមមាន ៖ ភាពចង្អៀតណែនក្នុងពន្ធនាគារ និងជួយកាត់បន្ថយការចំណាយថវិកា ក្នុងការផ្គត់ផ្គង់អ្នកជាប់ឃុំ រួមទាំងបញ្ហាសិទ្ធិមនុស្ស ទៀតផង ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងអោយបាននូវរាល់អ្នកជាប់ឃុំទាំងអស់ដែលត្រូវបានក្រសួងយុត្តិធម៌ សម្រេចសម្រាលបន្ធូបន្ថយទោស ហើយដោះលែងទៅតាមមូលដ្ឋានរបស់ខ្លួន វិញនោះ ។
ពាក់ព័ន្ធនឹងចំណុចនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងដែរថា ការអនុវត្តទាំងអស់នេះ ត្រូវធ្វើតាមនីតិវិធីច្បាប់ ក្នុងករណីបទល្មើសស្រាល ហើយច្បាប់បានអនុញ្ញាត ប៉ុន្តែត្រូវព្យាយាមគ្រប់គ្រងមុខសញ្ញា ថាគាត់បានកែប្រែខ្លួនឬយ៉ាងណា ប្រសិនបើមិនកែប្រែខ្លួនទេ ច្បាប់ត្រូវអនុវត្តបន្តទៀត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!