ប្រមុខរាជរដ្ឋាភិបាល ផ្ដល់អង្ករចំនួន ១៤០ តោន ដល់ខណ្ឌទាំង១៤ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ
លោកស្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ ។
នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញរាជធានីភ្នំពញ បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងនូវការកោតសសើរចំពោះ លោក លោកស្រី ជាប្រធានក្រុមការងារចុះជួយតាមខណ្ឌ អភិបាលរាជធានី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ដែលបានបំពេញការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក៏បានស្នើឲ្យប្រធានក្រុមការងារចុះតាមខណ្ឌ និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវសហការជាមួយអាជ្ញាធរភូមិ សង្កាត់ សម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០ , ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ និងត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំសតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ដោយឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានឧបត្ថម្ភអង្ករចំនួន ១០តោន ក្នុងមួយខណ្ឌ សរុប ១៤០តោន ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរមូលដ្ឋាន ចុះធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!