រដ្ឋមន្ត្រីក្រសួងផែនការ ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋគ្រួសារក្រីក្រ មានប័ណ្ណសមធម៌ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋគ្រួសារក្រីក្រ មានប័ណ្ណសមធម៌ ចំនួន២២១គ្រួសារ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ មានប័ណ្ណសមធម៌ ចំនួន ២២១គ្រួសារ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអមដំណើរដោយលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ព្រមទាំងលោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង និងអាជ្ញាធរមូលដ្ឋាននៃស្រុកសំរោងទង ផងដែរ។
លោក ឆាយ ថន បានលើកឡើងថា ក្នុងស្ថានភាពដ៏អាក្រក់នេះ មិនថាប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ គឺពិភពលោកទាំងមូល កំពុងជួបប្រទះនឹងស្ថានភាពមួយដ៏គួរឱ្យព្រួយបារម្ភ និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ពីការរាតត្បាតនៃមេរោគកូវីដ១៩ ។ ស្ថានភាពដ៏អាក្រក់នេះ បានធ្វើអោយប្រទេសទាំងអស់ទូទាំងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាសកល ដែលទាមទារឱ្យយើងរួមគ្នាដោះស្រាយ ។
លោកបានបន្តថា ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ ដែលក្នុងគ្រានេះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចសំខាន់មួយ គឺការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងៗទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ ។ ក្នុងនោះដែរ ក្រសួងផែនការ បានធ្វើដំណើរការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងកូវីដ-១៩នេះ នៅតាមទីជនបទ បានចប់សព្វគ្រប់ហើយដែរ ហើយការអនុវត្តកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ នៅទីប្រជុំជន ក៏នឹងគ្រោងបញ្ចប់ក្នុងចុងខែមិថុនា ឆ្នាំ២០២០នេះផងដែរ ដើម្បីត្រៀមផ្តល់ជំនួយសម្រួលទុក្ខលំបាកជូនដល់ពួកគាត់។
លោករដ្ឋមន្ត្រី ឆាយ ថន បានបន្ថែមថា នៅក្នុងឃុំត្រពាំងគង ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ-១៩នេះ បានរកឃើញមានចំនួន ៨៩គ្រួសារក្រីក្រ បន្ថែមទៀត ដែលត្រូវយកចិត្តទុកដាក់ គិតគូរចំពោះពួកគាត់ រួមនឹងគ្រួសារក្រីក្រផ្សេងៗទៀត ទូទាំងប្រទេស ផងដែរ។
ជាមួយគ្នានេះ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពអោយបានល្អ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអាចគ្រប់គ្រងបានស្ថានការណ៍ដ៏អាក្រក់នេះប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនឹងបន្តការរក្សាបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ បន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ ជាពិសេសការរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!