៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី
រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី ។
ថ្លែងឱ្យដឹង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានអោយដឹងថា រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការកាប់រាន ដុត ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ ការដាក់អន្ទាក់ចាប់សត្វ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។
លោករដ្ឋលេខាធិការ បានថ្លែងថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន ១៧៩ករណីមានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ ករណី និងធ្វើការអប់រំ រួចធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបានចំនួន ៦១៣ ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤ នាក់ ដោយអនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានបន្តថា ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧ ០៧៨ លើកនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ការពារធម្មជាតិ ដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី។
លោក នេត ភក្ត្រា គូសបញ្ជាក់ថា នៅក្នុងការចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ៤ ខែនេះ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ ក៏បានរឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង ម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿង និងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!