ក្រសួងការបរទេសកម្ពុជា កោះហៅទូតវៀតណាម ពិភាក្សារឿងយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់
ក្រសួងការបរទេសកម្ពុជា បានកោះហៅលោកឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកពិភាក្សារឿង ដែលយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបោះតង់របស់វៀតណាម នៅតំបន់ព្រំដែនក្នុងខេត្តកណ្តាល ជាប់នឹងខេត្តអានយ៉ាង (វៀតណាម) នៅថ្ងៃទី២ មិថុនា ឆ្នាំ ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី១ មិថុនា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានកោះអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដែរថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា អំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដោយស្នើ ឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ព្រំដែនរវាងប្រទេសទាំងពីរ ។
ក្រសួងការទេស បន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថា ការបោះតង់នៅតាមព្រំដែន ដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះ មិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែន រវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជា បណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!