កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី ៦ ជូនដល់បុរីទារក និងកុមារជាតិ
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី ៦ ជូនដល់បុរីទារក និងកុមារជាតិ ។
នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជាលេីកទី៦ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២២៥នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ជាពិសេស ការរក្សាអនាម័យដៃស្អាត ការពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា។
ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់នេះ ។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ រួមមាន ៖ អង្ករ ៣តោន មី ៤០កេស ត្រីខ ១០កេស ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប អាល់កុល ៦០លីត្រ ម៉ាស់ ១០ដុំ (ស្មេីនឹង ៥០០ម៉ាស់) និងថវិកា ១០លានរៀល។ ដោយឡែក សាប៊ូដុំ ចំនួន ១៥កេស (ស្មេីនឹង ១,០៨០ដុំ) ជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្រាប់ គ្រូ-បុគ្គលិក ចំនួន ៨០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា ៥ម៉ឺនរៀល៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!