តួលេខបណ្ដោះអាសន្ន នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងកូវីដ ១៩ នៅជនបទ មានប្រមាណ ៥៦ ០០០ គ្រួសារ
លោក ឆាយ ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងកូវីដ-១៩ ជាមួយមន្ទីរផែនការរាជធានី ខេត្ត ទូទាំងប្រទេស ។
រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ តាមរយៈកម្មវិធីZoom លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងកូវីដ-១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ រួមនឹងមន្ត្រីជំនាញនៃនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោក ឆាយ ថន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងអគ្គនាយកដ្ឋានផែនការ រួមនឹងមន្ត្រីជំនាញ ដែលបានដឹកនាំការអនុវត្តការងារនេះដោយផ្ទាល់ ជាពិសេសលោក ក៏បានថ្លែងអំណរគុណ កោតសរសើរដល់ លោក លោកស្រី ជាប្រធានមន្ទីរផែនការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរផែនការរាជធានី ខេត្តទាំង២៥ ដែលបានលះបង់ពេលវេលាមិនគិតថ្ងៃឈប់សម្រាក តស៊ូយ៉ាងប្តូរផ្តាច់ ក្នុងការងារបម្រើជាតិ ប្រជាជន ជាមួយនឹងអាកាសធាតុនារដូវវស្សា បានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានកំណត់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។
លោក ឆាយ ថន លើកឡើងថា ក្នុងការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ តាមរយៈនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ ១៩ នេះ ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងរងផលប៉ះពាល់ធ្លាក់ខ្លួនក្រដោយសារកូវីដ១៩ ឱ្យមានបណ្ណសមធម៌ ហើយក៍ជាកម្មវិធីលើកដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរផែនការរាជធានី ខេត្តទាំងអស់ សូមមេត្តាពង្រឹងបន្ថែម និងយកចិត្តទុកដាក់ចុះអនុវត្តផ្ទាល់ដល់មូលដ្ឋានភូមិ ឃុំ ត្រង់ត្រាប់រិះគិតនូវចំនុច ខ្វះខាត បញ្ហាប្រឈមនានា ដែលបានអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ នាទីជនបទ នាពេលនេះ កែលម្អរនូវការដឹកនាំ អនុវត្តការងារនេះអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងពេលអនុវត្តការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នាទីប្រជុំជន ដែលនឹងគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីយកទិន្នន័យទាំងនេះ ផ្តល់ជំនួយអន្តរាគមន៍បន្ទាន់ដល់ពួកគាត់។
សូមបញ្ជាក់ថា តាមតួលេខសរុបបណ្តោះអាសន្ន នៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងកូវីដ ១៩ នៅជនបទ មានចំនួនប្រមាណ ៥ម៉ឺន៦ពាន់ គ្រួសារ ដែលគិតជាចំនួនមនុស្សមានប្រមាណ ២៥ម៉ឺននាក់។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!