ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិត ប៉ុណ្ណោះ
ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ ។
យោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ បានសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ។ ក្រសួងបរិស្ថាន បានចាត់ទុក សកម្មភាពនេះ គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ក្រសួងបរិស្ថាន គូសបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ»ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។
ក្រសួងបរិស្ថាន បានរំពឹងថា គម្រោងផែនការនេះ នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់ ផងដែរ ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែង និងធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!