សកម្មជនបរិស្ថាន ៖ ការទាមទាររបស់ក្រុមយុវជន ក្នុងការដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារ ដើម្បីការពារអោយបាននូវសម្បត្តិធម្មជាតិ និងជីវៈចម្រុះ មិនពាក់ព័ន្ធនយោបាយទេ
សកម្មជនបរិស្ថាន ចាត់ទុក ក្រសួងបរិស្ថាន កំពុងបំបាក់ទឹកចិត្តយុវជន ជាអ្នកស្រលាញ់ ការពារបរិស្ថាន ដែលខិតខំចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ។
នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២០ ឆ្លើយតបនឹងក្រសួងបរិស្ថាន សកម្មជនបរិស្ថាន លោក ហេង ស្រស់ បានបង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់របស់ក្រសួងបរិស្ថាន ថា សកម្មភាពរបស់ក្រុមយុវជន ក្នុងការទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ជាសកម្មភាពបម្រើអោយឧបាយកលនយោបាយទុច្ចរិត ។
លោក ហេង ស្រស់ ចាត់ទុកថា ការលើឡើងរបស់ក្រសួងបរិស្ថានបែបនេះ កំពុងតែបំបាក់ទឹកចិត្ត និងឆន្ទៈរបស់ក្រុមយុវជន ដែលជាអ្នកស្រលាញ់បរិស្ថាន ក្នុងការខិតខំចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាអោយបានគង់វង្ស ។
លោក ហេង ស្រស់ លើកឡើងថា ការទាមទាររបស់ក្រុមយុវជន ក្នុងការដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពាររបស់រដ្ឋ នេះ គឺក្នុងគោលបំណង ដើម្បីការពារអោយបាននូវសម្បត្តិធម្មជាតិ និងជីវៈចម្រុះ ដ៏សំបូរបែបនៅក្នុងតំបន់កោះកុងក្រៅនេះ ដោយក្រុមយុវជនបរិស្ថាន ខ្លាចតំបន់ធម្មជាតិមួយនេះ អាចត្រូវធ្លាក់ទៅជាកម្មសិទ្ធឯកជន របស់ក្រុមអ្នកមានអំណាចមួយចំនួន ប៉ុណ្ណោះ តែផ្ទុយទៅវិញ ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរ ហាក់មិនបានយល់អំពីគោលបំណងមួយនេះ បែរជាព្យាយាមរាំងស្ទះ និងចោទប្រកាន់ក្រុមយុវជន ទៅលើបញ្ហាផ្សេងៗ ទៅវិញ ។
គួរកត់សម្គាលថា យោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ បានសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ។ ក្រសួងបរិស្ថាន បានចាត់ទុក សកម្មភាពនេះ គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ដែរថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។ ក្រសួងបរិស្ថាន បានរំពឹងថា គម្រោងផែនការនេះ នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា «ឧទ្យានជាតិសមុទ្រ»អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់ ផងដែរ ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុមយុវជនទាំងនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែង និងធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយ ។
សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មានក្រុមយុវជនបរិស្ថានមួយក្រុម ដែលមានគ្នា១៧នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាផងនោះ បានរួមគ្នាជិះកង់ពីខេត្តកោះកុង ឆ្ពោះមករាជធានីភ្នំពេញ ក្នុងបំណងដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទាមទារឱ្យមានការគាំពារតំបន់កោះកុងក្រៅ ។
តាមរយៈរដ្ឋបាលខេត្តកោះកុង បានអះអាងថា នៅពេលពួកគេប្រមូលផ្តុំគ្នាធ្វើដំណើរ ត្រូវបានអាជ្ញាធរសួរនាំ និងសុំកិច្ចសហការផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពទាំងផ្នែកសុខភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ ប៉ុន្តែត្រូវក្រុមយុវជនទាំងនោះ មិនព្រមសហការ ទើបសមត្ថកិច្ចសម្រេចឃាត់រក្សាទុកកង់របស់ពួកគេតែម្តង។
រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ដែរថា សកម្មភាពរបស់ក្រុមយុវជនទាំងនេះ បានធ្វើឡើងផ្ទុយនឹងច្បាប់ដោយមិនមានការជូនដំណឹងដល់អាជ្ញាធរ និងជាសកម្មភាពគាំទ្រអង្គការ «មាតាធម្មជាតិ» ដែលក្រសួងមហាផ្ទៃបានលុបឈ្មោះចោលទៅហើយនោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!