រដ្ឋមន្ត្រីក្រសួងផែនការ ទូតអូស្ត្រាលី និងទូតអាល្លឺម៉ង់ ចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង
រដ្ឋមន្ត្រីក្រសួងផែនការ ស្ថានទូតអូស្ត្រាលី និងស្ថានទូតអាល្លឺម៉ង់ អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង ។
នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង ដោយមានការអមដំណើរដោយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Benjamin ឯកអគ្គរដ្ឋទូតរងសហភាពសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការ GIZ ព្រមទាំង អាជ្ញាធរមានមូលដ្ឋានពាក់ព័ន្ធ និងមន្ត្រីជំនាញទទួលបន្ទុកអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ចូលរួមផងដែរ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានចុះពិនិត្យផ្ទាល់ទៅដល់លំនៅដ្ឋានគ្រួសារក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នេះ ដែលមានគ្រួសារធ្លាក់ខ្លួនក្រីក្រដោយសារជំងឺប្រចាំកាយ គ្រួសារក្រីក្រដែលប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងភូមិស្នាយបុណ្យ ភូមិត្រពាំងស្គន់ ភូមិព្រៃភ្ញៀម និងបានចុះសំណេះសំណាល វាយតម្លៃ ពិនិត្យផ្ទាល់លើការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាឃុំជីផុច ស្រុកមេសាង និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ឆាយ ថន បានជួបពិភាក្សាដាច់ដោយឡែកជាមួយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ផងដែរ ។
ក្នុងជំនួបនោះ លោកអគ្គរដ្ឋទូត លើកឡើងថា អូស្ត្រាលី មានចំណាប់អារម្មណ៍ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការណ៍ឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលជាក់ស្តែងយន្តការការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងកូវីដ១៩ ដែលបានអនុវត្តនាពេលនេះ គឺនឹងបានជួយដល់ប្រជាជនក្រីក្រពិតប្រាកដ រួមនឹងប្រជាជនក្រីក្រដែលបណ្តាលមកពីជំងឺកូវីដ១៩ ទទួលបានការសម្រាកព្យាបាលជំងឺដោយឥតគិតថ្លៃ សេវាជំនួយសង្គមផ្សេងៗ ជាពិសេសទៅទៀតនោះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលនឹងអនុវត្តនាពេលខាងមុខ។
លោកអគ្គរដ្ឋទូតអូស្ត្រាលី បានបន្តថា អូស្ត្រាលី បានផ្តល់ថវិកាចំនួន ៥០លានដុល្លាអូស្ត្រាលី ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា ដែលថវិកាទាំងនេះនឹងជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជួយដល់ការថែទាំអ្នកជំងឺកូវីដ១៩ និងធានាថា ពលរដ្ឋកម្ពុជាបន្តទទួលបានសេវាសុខភាពសាធារណៈ ក៏ដូចជាបញ្ហាសុខភាពដទៃទៀត ។
ជាមួយគ្នានេះ តាមរយៈគម្រោង H-EQIP និង IDPoor អូស្ត្រលីក៏បានផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជាក្រីក្រចំនួន២,៤លាននាក់ ឱ្យទទួលបានសេវាសុខភាពដោយឥតគិតថ្លៃ ផងដែរ ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ឆាយ ថន បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ជាច្រើនកន្លងមក ជាពិសេសបានគាំទ្រ និងយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ លើការអនុវត្តគម្រោងIDPoor ។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងផែនការ សហការជាមួយអង្គការGIZ ក្រោមការឧបត្ថម្ភគាំទ្រពីសហភាពសហព័ន្ធអាល្លឺម៉ង់ និងប្រទេសអូស្ត្រាលី នឹងអនុវត្តគម្រោងIDPoor នេះអោយសម្រេចបានជោគជ័យ ជូនរាជរដ្ឋាភិបាល ដើម្បីធានាថាមិនបោះបង់ចោលនរណាម្នាក់ឱ្យនៅឯការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងជាទីបំផុត ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។
ក្នុងនោះដែរ លោក ឆាយ ថន និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានឯកភាពឱ្យមានការជួបពិភាក្សាការងារនាពេលបន្ទាប់ទៀតនៅពេលឆាប់ៗខាងមុខ ក្រោយបេសកកម្មចុះត្រួតពិនិត្យ វាយតម្លៃផ្ទាល់ លើការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នាពេលនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!