ក្រសួងសាធារណការ គ្រោងដាក់ដំណើរប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែកម្ពុជា នាពេលឆាប់ៗខាងមុខ
ការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដាក់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមធានាតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿជាក់ដល់វិនិយោគិន ។
ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា ផ្ដល់ភាពជឿទុកចិត្តដល់អ្នកផ្ដល់ និងអ្នកប្រើប្រាស់សេវា ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដែលធ្វើឱ្យយឺតយ៉ាវ ក្នុងការចូលចតនាវា ។
ក្នុងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្ដាប់បទបង្ហាញអំពីវឌ្ឍនភាពការងារពីភាគីពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ដូចជា៖ ប្រតិបត្តិការ និងនីតិវិធីការបំពេញទម្រង់បែបបទចូលចតនាវា ក៏ដូចជានីតិវិធីនៃការទូទាត់ថ្លៃសេវា តាមប្រព័ន្ធអនឡាញ ជាមួយធនាគារឯកទេសវីង និងដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យការរៀបចំប្រព័ន្ធនេះកាត់តែមានសុក្រឹតភាព ព្រមទាំងពិភាក្សាពីទិសដៅបន្ទាប់ចំនួន ៥ចំណុចរហូតដល់ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។
ក្នុងកិច្ចប្រជុំនោះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានថ្លែងថា ក្នុងយុគសម័យឧស្សាហកម្មជំនាន់៤.០ នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈ ការកសាង ទីក្រុងឆ្លាតវៃ (Smart City) ការលើកកម្ពស់ និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់ វប្បធម៌ អរិយធម៌របស់ជាតិសាសន៍ ។
លោក បានបន្តថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់នេះ ក៏ជាការចូលរួម ដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ ជាពិសេសក្រុមការងារ IT របស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការណ៍រួមគ្នា អស់ពីកម្លាំងកាយចិត្ត និងប្រើពេលវេលា ដើម្បីរៀបប្រព័ន្ធនេះឡើង និងស្នើឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់បន្តវប្បធម៌សហការដ៏ស្អិតរមួតនេះ ក្នុងការបំពេញចំណុចខ្វះខាត សំដៅឱ្យប្រព័ន្ធនេះមានសុក្រឹតភាព មានភាពជឿទុកចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងបម្រើឱ្យឧត្ដមប្រយោជន៍របស់ជាតិមាតុភូមិ។
សូមជម្រាបជូនថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញវិញ្ញាបនបត្រអនុញ្ញាតនាវាចូលកំពង់ផែន នៃព្រះរាជាណាចក្រកម្ពុជា នេះ គឺជាយន្តការផ្តល់សេវាបណ្តោះអាសន្នមួយ ដើម្បីសម្រួលនីតិវិធី ខណៈដែលគម្រោង PORT EDI របស់ជប៉ុន កំពុងត្រូវបានបន្តនីតិវិធីរៀបចំរហូតដល់ដើមឆ្នាំ២០២៣ ទើបរួលរាល់សម្រាប់ដាក់ឱ្យដំណើរការប្រើប្រាស់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!