ក្រសួងបរិស្ថាន ដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងស្រុក ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប
ក្រសួងបរិស្ថាន ដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងស្រុក ចុះពិនិត្យដែនជម្រកសត្វព្រៃ នៅខេត្តព្រះវិហារ និងតំបន់ខាងជើងបឹងទន្លេសាប ។
នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុម ទៅទស្សនាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ ព្រមទាំងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ ។
ក្រសួងបរិស្ថាន បានអោយដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងការអភិរក្សសត្វស្លាបធំៗ ដែលជិតផុតពូជបំផុត រួមទាំងបក្សីជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ ផងដែរ ។
ដោយឡែកនៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សាស្វែងយល់អំពីគម្រោងអភិរក្សសត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថា តើការងារកសិកម្ម និងការងារអភិរក្សអាចអនុវត្តរួមគ្នាបានយ៉ាងដូចម្តេច ? ដោយសកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួងបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូក្រសួងនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយគម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែកការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារសត្វព្រៃនៅក្នុងសហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!