លោក ស៊ុន ចាន់ថុល បានអញ្ជើញចុះសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។
នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតឱកាសអញ្ជើញចូលសាកសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ដែលលោកតាធ្លាប់បានរស់នៅ និងដើមមានដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
នាឱកាសនោះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកនូវកន្ត្រក់ផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំណែកផងដែរ។
សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះ អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកាដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជន បានជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិត ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!