កម្ពុជា-ទីម័រខាងកើត សន្យារួមគ្នាអភិវឌ្ឍន៍វិស័យការងាររឹតតែប្រសើរក្រោយចប់កូវីដ-១៩
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យាអភិវឌ្ឍន៍វិស័យការងាររវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្តទៀត ក្រោយចប់ជំងឺកូវីដ-១៩។
ការបញ្ជាក់ជំហរយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី លោក Ermenegildo Kupa Lopes (អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស) នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសហការជាមួយគ្នាយ៉ាងល្អ កន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះលោកឯកអគ្គរាជទូត នៃសាធារដ្ឋប្រជាធិបតេយ្យទីម័រខាងកើត យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានធម្មជាតិដ៏ស្រស់ត្រកាល និងប្រវិត្តសាស្ត្រប្រហាក់ប្រហែលគ្នា។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍នៅគ្រប់វិស័យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយអាចរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនាជាមួយគ្នា។
លោក Ermenegildo បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខណ្ឌអាស៊ាន។
ក្នុងនោះដែរ លោកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ដោយលោក បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សួមបញ្ជាក់ដែរថា ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមកដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖
-ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា៖ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ
-ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ
-ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ
-ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!