ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ ដើម្បីអោយពលរដ្ឋរាយការណ៍ចំពោះមន្ត្រីណា ដែលបម្រើពលរដ្ឋមិនបានល្អ ទាន់ពេលវេលា
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា បេីនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រេីប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខំមិនចូលផេកហ្វេសប៊ុក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬ ទំនាក់ទំនងមកលេខរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ។
នៅព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងនៅលើបណ្ដាញហ្វេសប៊ុករបស់លោក ថា មួយរយ:ពេលកន្លងមកនេះ សង្កេតឃេីញថា ដោយការអនុវត្តបានយ៉ាងល្អរបស់មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉ោង/២៤ម៉ោង ។
នៅក្នុងនោះ កម្លាំងនគរបាលទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយប្រេីប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណៈឲ្យបានលឿន និងឆាប់រហ័ស ក្នុងការធ្វេីសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណៈល្អប្រសេីរ ទាន់ពេលវេលា ដែលទទួលបានការសាទរ និងកោតសរសេីរពីសំណាក់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ លោកស្នងការ បញ្ជាក់ថា ប្រសិនបេីនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រេីប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វេីជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ ៖ ០៦៩ ៥១៦ ៩៩៩។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!